អាស៊ានបបួលគ្នា ដូរម៉ោង ខ្លាចរកស៊ីចាញ់ចិន! បើសិនឯកភាព ប្រជាពលរដ្ឋខ្មែរ ត្រូវភ្ញាក់មុន ១ម៉ោង និងចូលគេងមុន ១ម៉ោង
ដោយ៖ លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានក្យូដូ របស់ជប៉ុន
អាស៊ាន៖ ម៉ាឡេស៊ី ប្រទេសម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំអាស៊ាន ឆ្នាំ២០១៥ បានកំពុងបញ្ចុះបញ្ចូលបណ្តាប្រទេស សមាជិកអាស៊ានដទៃទៀត (៦ប្រទេស) ឲ្យនាំគ្នាដូរម៉ោងឲ្យដូចប្រទេសរបស់ខ្លួន។ ប្រទេសចំនួន៤៖ កម្ពុជា វៀតណាម ឡាវ ថៃ ត្រូវដូរ១ម៉ោង ឲ្យលឿនជាងមុន រីឯភូមាត្រូវដូរដល់ទៅ ១ម៉ោងកន្លះ ចំណែកឯឥណ្ឌូណេស៊ី វិញ ត្រូវដូរដោយមានថែម ១ម៉ោង និងថយ១ម៉ោង អាស្រ័យទៅតាមតំបន់ក្នុងប្រទេសរបស់ខ្លួន។
សំណើរឲ្យមានការដូរម៉ោងឲ្យដូចគ្នា ឬ ម៉ោងអាស៊ានតែមួយ (Asean Common Time = ACT) ត្រូវបានស្នើ ឡើងជាផ្លូវការ ដោយប្រទេសម៉ាឡេស៊ី កាលពីខែមករាកន្លងទៅនេះ ហើយម៉ាឡេស៊ីចង់ឲ្យថ្នាក់ដឹកនាំអាស៊ាន ទាំងអស់ អនុម័តនៅចុងខែនេះ ពោលគឺក្នុងអំឡុងពេលប្រជុំកំពូលអាស៊ានលើកទី២៦ នៅទីក្រុងកូឡាឡាំពួរ ដោយទាញហេតុផលថា៖
១. ជានិមិត្តរូប នៃសមាហរណកម្មអាស៊ាន ឆ្នាំ២០១៥
២. ដើម្បីផលចំណេញដល់ផ្នែកសេដ្ឋកិច្ច ធនាគារ អាជីវកម្មផ្នែកផ្សារភាគហ៊ុន សេវាដឹកជញ្ជូន និងសេវាអាកាស ចរជាដើម
៣. សំរួលដល់ការទំនាក់ទំនងគ្នា រវាងស្ថាប័ន និងស្ថាប័ន រដ្ឋាភិបាល និង រដ្ឋាភិបាលក្នុងបណ្តាប្រទេសទាំង១០
៤. ងើបធ្វើការ និងរកស៊ីឲ្យទាន់ប្រទេសចិន និងហុងកុង
៥. បង្ហាញពីសាមគ្គីភាពក្នុងចំណោមប្រទេសទាំង១០ ។ល។
នរណានាំអាទិ៍ដូរម៉ោងមុនគេ ?
អ្នកដែលនាំអាទិ៍ដូរមុនគេគឺ ប្រទេសកោះសិង្ហបុរី ដែលកាលណោះនាយករដ្ធមន្ត្រី ហ្គោ ចុកតុង (Goh Chok Tong) បានលើកបញ្ហានេះនៅឆ្នាំ១៩៩៥ ហើយ១០ឆ្នាំក្រោយមក ពេលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះប្រជុំអា ស៊ាននៅឆ្នាំ២០០៥ ម៉ាឡេស៊ី ក៏លើករឿងនេះមកនិយាយដែរ តែមិនទាន់មានការជជែកគ្នាស៊ីជំរៅនៅឡើយ។ ឥឡូវនះចូលដល់ ខួប១០ឆ្នាំក្រោយ ម៉ាឡេស៊ីចាប់ផ្តើមលើកម្តងទៀតចំពេលខ្លួនធ្វើម្ចាស់ផ្ទះ។
ឫសគុលដែលនាំឲ្យសិង្ហបុរី និងម៉ាឡេស៊ីគិតដល់ការដូរម៉ោងគឺជាទស្សនៈវិស័យសេដ្ឋកិច្ចដ៏វែងឆ្ងាយមួយ ឬ និយាយមួយបែបសិង្ហបុរី និងម៉ាឡេស៊ី មិនចង់ឲ្យចាញ់ប្រទេសចិន និងហុងកុង ព្រោះម៉ោងនៅចិន និងហុងកុង ដើរលឿន១ម៉ោងមុន ប្រទេសសជាមាជិកអាស៊ានមួយចំនួន ដែលជាបច្ច័យធ្វើឲប្រទេសចិន ឬប្រជាជនរបស់គេ អាចធ្វើការ ឬរកស៊ីចំណេញ១ម៉ោងមុនអាស៊ាន។
ប្រទេស១០ ម៉ោងខុសគ្នា ៤
ជាទូទៅប្រទេសនីមួយៗតែងយកម៉ោងសាកលមកប្រៀបធៀបគ្នាគឺ Greenwich Mean Time (GMT)។ ប្រទេសឥណ្ឌូណេស៊ីខុសគេខុសឯងក្នុងចំណោមសមាជិកអាស៊ានទាំង១០ ព្រោះមានម៉ោងដល់ទៅ៣ (ភាគ ខាងកើត កណ្តាល និងខាងលិច)។
GMT + 6:30៖ ភូមា
GMT + 7៖ កម្ពុជា, វៀតណាម, ថៃ, ឡាវ, ឥណ្ឌូនេស៊ី (ភាគខាងលិច)
GMT + 8៖ ម៉ាឡេស៊ី, សិង្ហបុរី, ព្រុយណេ, ហ្វីលីពីន, ឥណ្ឌូនេស៊ី (ភាគកណ្តាល)
GMT + 9៖ ឥណ្ឌូនេស៊ី (ភាគខាងកើត)
ប្រទេសណាខ្លះជំទាស់?
ភូមា និងថៃ នៅស្ទាក់ស្ទើរមិនទាន់គាំទ្រនៅឡើយទេ ដោយសារតែភូមាត្រូវដូរដល់ទៅ ១ម៉ោងកន្លះឯណោះ រីឯ ថៃវិញ គេទាញហេតុផលថាគេត្រូវការពេលវេលាយូរបន្ថែមទៀត ដើម្បីសិក្សា ក្នុងនោះអាចរួមទាំងធ្វើប្រជាមតិ ផង ព្រោះការដូរម៉ោងអាចប៉ះពាល់ដល់ប្រជាពលរដ្ថ។ បន្ថែមលើនេះ ថៃផ្តល់ហេតុផលថា៖
១. បើដូរដោយថែម១ម៉ោង (GMT+8) ហេតុដូចម្តេចក៏មិនប្តូរថយមកក្រោយ១ម៉ោងវិញ (GMT+7) ព្រោះចំនួន ពលរដ្ឋ និងប្រទេសដែលជាសមាជិកអាស៊ានប្រកាន់យក (GMT+7) មានចំនួនច្រើនជាង?
២. បើគិតអំពីផ្សារភាគហ៊ុន ឬសេវាអាកាសចរ ហេតុអ្វីក៏មិនប្តូរម៉ោងប្រតិបត្តឲ្យត្រូវគ្នា ជាជាងដូរម៉ោងរបស់ ប្រទេសទាំងមូល?
៣. ការដូរម៉ោងខុសពីទំលាប់បែបនះ អាចប៉ះពាល់ដល់សរីរាង្គរបស់មនុស្ស និងជីវភាពរស់នៅប្រចាំថ្ងៃ ។ល។
យ៉ាងណាក៏ដោយចុះ នេះជាការពន្យល់មួយបែបរបស់ភាគីថៃ ហើយយើងអាចយល់បានថា ដោយសារប្រទេស ថៃបច្ចុប្បន្នគ្រប់គ្រងដោយរបបយោធា ដូច្នេះអ្នកដឹកនាំអនុវត្តនយោបាយដែលត្រូវតែបញ្រ្ចាស់ទិសជាមួយលោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្រ្តីរបស់ថៃ ដែលធ្លាប់បានលើក និងស្នើឲ្យដូរម៉ោងនៅប្រទេសថៃម្តងរួច ហើយកាល ពីឆ្នាំ២០០៣ គឺដូរឲ្យលឿនទៅមុខមុន១ម៉ោងក្នុងបំណងផលប្រយោជន៏សេដ្ឋកិច្ចដល់អ្នកវិនិយោគ និងផ្នែកផ្សារ ភាគហ៊ុន តែការស្នើរបស់លោកថាក់ស៊ីន ត្រូវបានបរាជ័យនៅពេលនោះ។ ការជំទាស់របស់ថៃនៅពេលនេះ ក៏ អាចជាហេតុផលមួយបែបទៀតថា ថៃចង់ឌឺឲ្យម៉ាឡេស៊ីថា ទោះបីជាប្រទេសខ្លួនមិនដូរម៉ោងក៏ដោយ ក៏សេដ្ឋកិច្ច ថៃនៅតែដើរទៅមុខមិនចាញ់ ម៉ាឡេស៊ីដែរ។
តើកម្ពុជាមានជំហរយ៉ាងណា?
មតិរបស់មន្រ្តីជំនាញភាគច្រើន បានសំដែងការគាំទ្រឲ្យដូរតាមសំណើររបស់ម៉ាឡេស៊ី ប៉ុន្តែការសំរេចយ៉ាងណា នោះ អាស្រ័យលើបុរសខ្លាំងរបស់កម្ពុជា ឬព្រះឥន្ទ។
សម្រាប់អ្នកប្រតិបត្តិសាសនា៖ ព្រះពុទ្ធប៉ះ, ម៉ូស្លីមរួចខ្លួន
បើសិនជាអនុវត្តម៉ោងអាស៊ានរួមមែន អ្នកប្រតិបត្តិសាសនាព្រះពុទ្ធ ដូចជាព្រះសង្ឃ ត្រូវចេញបិណ្ឌបាត និងឆាន់ លឿនជាងមុន ១ម៉ោង ដោយឡែកសំរាប់អ្នកកាន់សាសនា ឥស្លាមមិនប៉ះពាល់ទេ ព្រះគេមិនគិតអំពីម៉ោងជាចំ បង ប៉ុន្តែគេគិតអំពីពេលព្រះអាទិត្យរះ និងពេលព្រះអាទិត្យលិច ឬពន្លឺព្រះអាទិត្យ។
តាមការប្រមើលមើល សំណើរបស់ប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ និង ជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៦ស្តីពី «ម៉ោងអាស៊ានតែមួយ» ប្រហែលជាបរាជ័យ ព្រោះពុំអាចរកកុងសង់ស៊ីស (ឯកច្ឆន្ទ) ពីប្រទេសទាំង១០ បានទេ៕
0 comments:
Post a Comment